ប្រធានអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រកាសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ព្រមានពិភពលោកថា គួរត្រៀមខ្លួនឱ្យបានល្អ សម្រាប់មេរោគ និងជំងឺគ្រោះថ្នាក់មួយ ដែលអាចរាតត្បាតជាសកល និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ធ្ងន់ធ្ងរជាងកូវីដ១៩ ទៅទៀតនាពេលអនាគត។
អង្គការសុខភាពពិភពលោក បានចុះបញ្ជីឈ្មោះមេរោគ ឬជំងឺមួយចំនួន ដែលមានហានិភ័យខ្ពស់ គួរព្រួយបារម្ភបំផុត។ ក្នុងនោះរួមមាន៖
១. ជំងឺកូវីដ១៩
២. ជំងឺអេបូឡា
៣. វីរុស Marburg
៤. ជំងឺគ្រុនក្ដៅឡាសា (Lassa Fever)
៥. ជំងឺផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា (MERS) និងជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (SARS)
៦. វីរុសនីប៉ា (Nipa Virus)
៧. វីរុសស៊ីកា (Zika Virus)
ជំងឺដែល WHO បានព្រមាននោះ ត្រូវបានភ្នាក់ងាររបស់ WHO ដាក់ឈ្មោះថា «ជំងឺ X» ឬ «Disease X»។ នេះក៏ព្រោះតែគេមិនទាន់ស្គាល់ពីជំងឺនេះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំពុងតែសិក្សាស្រាវជ្រាវ។ កាលណាដែលគេសិក្សារកឃើញ គេនឹងរាប់បញ្ចូលជំងឺថ្មីនេះ ចូលទៅក្នុងបញ្ជីនៃជំងឺមរណៈខាងលើ។ ពោលគឺលទ្ធភាពនៃកើតមានជំងឺរាតត្បាតថ្មី គឺមានខ្ពស់ ហើយគ្រោះថ្នាក់របស់វា អាចធ្ងន់ធ្ងរជាងកូវីដ១៩ ព្រោះតែលើផ្ទៃដៃ នៃភពផែនដី ពោរពេញទៅដោយមេរោគជាច្រើន ហើយវាអាចបម្លែងខ្លួន និងបង្កគ្រោះថ្នាក់ក្នុងពេលណាមួយបាន។ ហេតុនេះហើយ ទើបអង្គការសុខភាពពិភពលោក ព្រមានឱ្យមនុស្សមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនខ្ពស់ ដោយផ្ដោតសំខាន់លើការសិក្សានូវវិធីព្យាបាល និងវ៉ាក់សាំងប្រឆាំងទុកជាមុន៕
ប្រភព៖ Dailymail https://www.dailymail.co.uk/home/index.html
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង