កាលណារដូវក្ដៅ ឈានចូលមកដល់ សីតុណ្ហភាពកើនឡើង នាំឱ្យមនុស្សគ្រប់គ្នា មានអាការៈអស់កម្លាំង បែកញើស និងមានភាពស្មុគស្មាញច្រើន។ ដោយសារតែរាងកាយបាត់បង់ជាតិទឹកច្រើន ទៅតាមការបញ្ចេញញើស ច្បាស់ណាស់ថា អ្នកត្រូវការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ សម្រាប់ឱ្យរាងកាយទ្រទ្រង់នឹងកម្ដៅ និងឱ្យរាងកាយ ស្ថិតក្នុងស្ថានភាព ដែលមានសុខភាពល្អ។ តើភេសជ្ជៈបែបណា ដែលជួយស្ដារនូវថាមពល និងផ្ដល់ភាពស្រស់ស្រាយដល់រាងកាយ ហើយថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរនោះ?
ពេទ្យយើង សូមណែនាំភេសជ្ជៈ ៥ប្រភេទ ដែលគួរញ៉ាំក្នុងរដូវក្ដៅ ដើម្បីអត្ថប្រយោជន៍សុខភាព៖
១. ទឹកដូង
ទឹកដូង ជាភេសជ្ជៈធម្មជាតិសុទ្ធ ដែលមានសមត្ថភាពជួយផ្ដល់ជាតិទឹក និងអេឡិចត្រូលីត ដែលបានបាត់បង់ក្នុងរាងកាយ។ ទឹកដូង សម្បូរទៅដោយប៉ូតាស្យូម ដែលជួយបណ្ដេញសូដ្យូម ចេញពីរាងកាយ និងបន្ទាបសម្ពាធឈាម ជួយដល់សុខភាពបេះដូង។ ភេសជ្ជៈនេះ ក៏ល្អសម្រាប់សុខភាពក្រលៀន តាមរយៈសមត្ថភាពរបស់វា ក្នុងការបង្ការក្រួស ក្នុងតម្រងនោម។
២. ទឹកអំពៅ
ទឹកអំពៅ មានរសជាតិផ្អែមបែបធម្មជាតិ។ វាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមីក្រូសារជាតិចម្បងៗជាច្រើន រួមមាន ជាតិដែក ម៉ាញ៉េស្យូម រីបូហ្វ្លាវីន និងវីតាមីន B1។ ការសិក្សា បានបង្ហាញថា ទឹកអំពៅ អាចជួយបង្កើនមុខងារក្រលៀន និងជួយបន្ថយអាការៈចាញ់របស់ស្ត្រីពពោះ។
៣. ទឹកឪឡឹក
បើអ្នកស្រេកទឹក ញ៉ាំទឹកឪឡឹកត្រូវហើយ។ ទឹកឪឡឹក ជាប្រភពល្អបំផុតនៃលីកូពីន គឺសមាសធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកហើម។ សមាសធាតុនេះ ល្អសម្រាប់សុខភាពបេះដូង ហើយជួយមនុស្សចាស់ ពីការអន់ថយសុខភាពភ្នែក ទៅតាមភាពចាស់ជរា។ លើសពីនេះ វាជួយបង្កើនសមត្ថភាពធ្វើលំហាត់ប្រាណ និងជួយគាំទ្រសុខភាពស្បែក តាមរយៈមុខងារការពារ និងមុខងារជួសជុលកោសិកាស្បែក។
៤. ទឹកស្វាយ
ផ្លែស្វាយ ជាផ្លែឈើពេញនិយម ក្នុងចំណោមក្រុមម្ជូរ។ ទឹកស្វាយ មិនត្រឹមតែផ្ដល់ភាពស្រស់ស្រាយនោះទេ វាក៏ជួយឱ្យអ្នកមានថាមពលបានយូរ ក្រោមកម្ដៅក្ដៅផងដែរ។
៥. ទឹកដោះគោជូរ
ទឹកដោះគោជូរ ផ្ទុកទៅដោយ lactose (ស្ករទឹកដោះគោ) casein (ប្រូតេអ៊ីនទឹកដោះគោ) និង lactic acid ដែលជាអាស៊ីតបង្ការការលូតលាស់បាក់តេរីអត់ប្រយោជន៍។ កាល់ស្យូមក្នុងទឹកដោះគោជូរ ជួយដល់ភាពរឹងមាំនៃឆ្អឹង ក៏ដូចជាប្រឆាំងជំងឺពុកឆ្អឹង។ វាមានសារជាតិផ្សេងទៀត ដែលជួយដល់សុខភាពបេះដូង តាមរយៈការបង្អាក់មិនឱ្យពោះវៀន ស្រូបយកកូឡេស្តេរ៉ូល៕
ប្រភព៖ NDTV Food https://food.ndtv.com/ & Apollo 24/7 https://www.apollo247.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង