ជំងឺខ្លាញ់រុំថ្លើម គឺជាបណ្ដាបញ្ហាច្រើនប្រភេទ ទាក់ទងនឹងថ្លើម ដែលមិនបង្កដោយការទទួលទានជាតិអាល់កុលលើសលុបនោះទេ។ ទទួលទានកាឡូរីច្រើនពេក អាចបង្កជាជងឺខ្លាញ់់រុំថ្លើម។ សំខាន់ណាស់ ដែលមនុស្សម្នាក់ៗ ចេះសម្គាល់សញ្ញាព្រមានរបស់ជំងឺមួយនេះ កុំឱ្យវាឈានចូលដំណាក់កាលធ្ងន់។
ជាធម្មតា ក្នុងដំណាក់កាលដំបូងនៃជំងឺខ្លាញ់រុំថ្លើម វាមិនបង្ករោគសញ្ញាអ្វីខ្លាំងនោះទេ។ ដោយសារតែវាពិបាកកត់សម្គាល់ ខ្លាញ់អាចឆក់ឱកាស កកស្ទះខ្លាំងឡើងៗក្នុងថ្លើម ហើយបង្កឱ្យហើមរលាកថ្លើម។ រយៈពេលយូរទៅ ដោយគ្មានការព្យាបាល វានឹងកើតជាជំងឺក្រិនថ្លើម ជាដើម។
មានរោគសញ្ញាមួយ ដែលលោកអ្នក អាចកត់សម្គាល់បាន នោះគឺជារោគសញ្ញាជំងឺក្រិនថ្លើម។ រោគសញ្ញាចម្បងមួយ គឺការឈាមច្រមុះញឹកញាប់ ដែលគេហៅថា epistaxis។ ក្រៅពីការឈាមច្រមុះ ជំងឺក្រិនថ្លើម បង្ករោគសញ្ញាអស់កម្លាំង បាត់បង់ចំណីអាហារ ស្រកទម្ងន់ សាច់ដុំតូចជាងមុន មានអារម្មណ៍ឈឺ ក្អួតចង្អោរ ឈឺនៅតំបន់ថ្លើម មានជំងឺខាន់លឿង (ស្បែក និងភ្នែកលឿង) ជ្រុះសក់ ញ័រសាច់ស្រឺតៗ និងហើមជើង ហើមកែងជើង ឬហើមពោះ។
ពេលខ្លះ ជំងឺក្រិនថ្លើម មានឥទ្ធិពលកែប្រែអាកប្បកិរិយាមនុស្សផងដែរ រួមមាន ចរិតខុសពីមុន គេងមិនលក់ បាត់បង់ការចងចាំ ច្របូកច្របល់ ពិបាកផ្ដោតអារម្មណ៍ ឬមួយ មានជំងឺខួរក្បាល។
កត្តាប្រឈមនឹងជំងឺខ្លាញ់រុំថ្លើម គឺការលើសទម្ងន់ មានជំងឺទឹកនោមផ្អែមប្រភេទ២ ឬរាងកាយប្រឆាំងអាំងស៊ុយលីន ក្រពេញទីរ៉ូអ៊ីត លែងសូវធ្វើសកម្មភាព មានសម្ពាធឈាមខ្ពស់ និងមានរោគសញ្ញាមេតាប៉ូលីស៕
ប្រភព៖ Times of India https://timesofindia.indiatimes.com/etimes
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង