ក្រុមអ្នកស្រាវជ្រាវ ដែលសិក្សាលើសេនេទិច បានរកឃើញថា សត្វត្រី អាចជាប្រភពដើម នៃវីរុសជំងឺគ្រុនផ្ដាសាយ Influenza។ គេជឿថា វីរុសនេះ អាចមានប្រភពកើតចេញពីសត្វក្នុងទឹក ដែលមានអាយុរាប់រាយលានឆ្នាំមុនមក ជាអាយុកាល ដែលប្រភេទត្រីដំបូងគេ មិនទាន់មានវត្តមានក្នុងអេកូឡូស៊ី។ នេះបើតាមវេបសាយ Nature.com។
អ្នកវិទ្យាសាស្ត្រ បានសិក្សាត្រីចំនួនពីរប្រភេទ ដែលគេយកមកពីឆ្នេរសមុទ្រ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី។ គេឃើញថា ត្រីទាំងពីរប្រភេទនេះ មានឆ្លងវីរុសម្យ៉ាង ឈ្មោះថា Articulavirales ដែលជាអម្បូរដើម នៃគ្រួសារវីរុសគ្រុនផ្ដាសាយ។ តាមការវិភាគរបស់អ្នកវិទ្យាសាស្ត្រ គេយល់ថា វីរុសប្រភេទនេះ លេចចេញដំបូងតាំងពី ៦០០លានឆ្នាំមុនមកម្ល៉េះ។
ផ្អែកតាមការសិក្សាផ្សេងទៀត វីរុសគ្រុនផ្ដាសាយ និងមែកធាងសាច់ឆ្ងាយរបស់វីរុសគ្រុនផ្ដាសាយ ក៏អាចពាក់ព័ន្ធនឹងសត្វទឹកពីរប្រភេទ ដែលអ្នកវិទ្យាសាស្ត្របានរកឃើញផងដែរ។ ពីរប្រភេទនោះគឺ Hagfish និង Siberian sturgeon។
ការវិនិច្ឆ័យបង្ហាញថា វីរុសគ្រុនផ្ដាសាយអាចឆ្លងចេញពីសត្វក្នុងទឹក មកសត្វលើគោក ក៏ដូចជា ឆ្លងជាបន្តបន្ទាប់ទៅសត្វផ្សេងៗ និងទៅមនុស្ស ជាដើម។ ក៏ប៉ុន្តែគេមិនច្បាស់នោះទេថា ដើមហេតុនៃការឆ្លងវីរុសគ្រុនផ្ដាសាយ ពីក្នុងទឹក មកលើគោកនេះ កើតមានជាយូរយារណាស់មកហើយ ឬវាទើបតែកើតមានក្នុងអាយុកាលថ្មីៗ។
ពោលគឺសម្រាប់អ្នកវិទ្យាសាស្ត្រសន្មត់ឱ្យបានច្បាស់ គេនឹងត្រូវសិក្សាបន្ថែមលើវត្តមានវីរុសគ្រុនផ្ដាសាយក្នុងខ្លួនសត្វច្រើនប្រភេទផ្សេងទៀត ដើម្បីក្ដោបការស្វែងយល់ឱ្យបានជុំពីការឆ្លងវីរុសពីសត្វមួយទៅសត្វមួយទៀត៕
ប្រភព៖ Nature https://www.nature.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង