ក្រុមអ្នកស្រាវជ្រាវ មកពីសាលាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន កំពុងសិក្សាវ៉ាក់សាំងសាកល្បង ដែលអាចបង្រៀនរាងកាយ ក្នុងការប្រឆាំងនឹងជំងឺមហារីកសុដន់។ ការសាកល្បងនេះ បានទទួលជោគជ័យ ក្នុងដំណាក់កាលដំបូង។ ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្រជឿថា ប្រសិនបើវ៉ាក់សាំងនេះ ទទួលបានជោគជ័យ គេអាចនឹងផលិតចែកចាយវ៉ាក់សាំង សម្រាប់មហារីកប្រភេទផ្សេងទៀត ដើម្បីផ្គត់ផ្គង់សាធារណជន ក្នុងពេលដ៏ខ្លីប្រហែល ៥ឆ្នាំខាងមុខ។
ក្នុងដំណាក់កាលសាកល្បងដំបូងនេះ ស្ត្រីចំនួន ៦៦នាក់ ដែលមានជំងឺមហារីកសុដន់ដំណាក់កាលធ្ងន់ ត្រូវបានចាក់វ៉ាក់សាំងសាកល្បងនេះ។ ប៉ុន្តែមុនធ្វើការសាកល្បង ស្ត្រីទាំង ៦៦នាក់ បានទទួលការព្យាបាលជំងឺមហារីករបស់ខ្លួន រួចមកហើយ។ ដូចនេះ ដោយសារការព្យាបាល អ្នកជំងឺទាំង ៦៦នាក់ អាចនឹងគ្មានការរាលដាលជំងឺមហារីកទៀតនោះទេ ឬមានន័យថា ពួកគាត់ជាសះស្បើយទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីទាំង ៦៦នាក់ នៅតែមានហានិភ័យខ្ពស់ក្នុងការកើតមានមហារីកនេះឡើងវិញ។
តួនាទីរបស់វ៉ាក់សាំងថ្មី ដែលអ្នកវិទ្យាសាស្ត្រ បានបង្កើតមកនេះ គឺដើម្បីបង្កើតការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងប្រូតេអ៊ីនម្យ៉ាង ឈ្មោះថា HER2។ ប្រូតេអ៊ីននេះហើយ គឺជាប្រូតេអ៊ីន ដែលមានវត្តមានដល់ទៅប្រមាណ ៣០% ក្នុងកោសិកាមហារីកសុដន់។ ប្រសិនបើកោសិកាមហារីកសុដន់ ជាកោសិកាកាចសាហាវ វាអាចបង្កើតប្រូតេអ៊ីន HER2 ដល់ទៅជាង ១០០ដង ច្រើនជាងកោសិកាមិនកាចសាហាវ។
ក្រុមអ្នកស្រាវជ្រាវជឿថា គេអាចបង្រៀនប្រព័ន្ធភាពស៊ាំ ឱ្យចេះសម្គាល់ប្រូតេអ៊ីន HER2 នេះ ដើម្បីឱ្យប្រព័ន្ធស៊ាំអាចវាយប្រហារប្រូតេអ៊ីន HER2 ហើយមិនប៉ះពាល់កោសិកាធម្មតា។ នោះមានន័យថា ប្រូតេអ៊ីន HER2 គឺជាប្រូតេអ៊ីនមួយ ដែលអាចបង្កឱ្យមនុស្សកើតមានមហារីកឡើងវិញ ទោះបីជាទទួលការព្យាបាលមហារីកហើយក្ដី។ ព្រោះតែប្រូតេអ៊ីននេះ ទើបមនុស្សលាប់ជំងឺមហារីក។
ហេតុដូចនេះ វ៉ាក់សាំងថ្មីកំពុងសាកល្បងនេះ មាននាទីសម្លាប់ប្រូតេអ៊ីន HER2 ក៏ដូចជាបង្ការការកើតមហារីកឡើងវិញ។ យោងតាមការសិក្សា ៨០% នៃស្ត្រី ដែលបានចាក់វ៉ាក់សាំងនេះរួច អាចរស់រានមានជីវិតបាន ក្នុងរយៈពេល ១០ឆ្នាំនៃការសិក្សា។ នោះមានន័យថា ស្ត្រី ៨០%នេះ មិនបានស្លាប់ដោយសារជំងឺមហារីកសុដន់នោះទេ ក្នុងរយៈពេល ១០ឆ្នាំ។
ផ្អែកតាមភាពជោគជ័យនេះ ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងសិក្សាសាកល្បង ដំណាក់កាលទីពីរ ដើម្បីស្វែយយល់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ក្នុងពេលតែមួយនេះដែរ ក្រុមអ្នកស្រាវជ្រាវក៏កំពុងតែសិក្សាពីវ៉ាក់សាំងប្រឆាំងមហារីកសុដន់ ២ប្រភេទផ្សេងទៀត និងកំពុងផលិតវ៉ាក់សាំងប្រឆាំងជំងឺមហារីកអូវែរ ពោះវៀនធំ សួត ប្លោកនោម និងក្រពេញប្រូស្តាតផងដែរ៕
ប្រភព៖ Insider https://www.insider.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង