តើនារីៗ ឈឺរមួលខ្លាំងទេ នៅពេលមករដូវ? ការរមួលនេះ ជាអាការៈទូទៅមួយ ក្នុងចំណោមអាការៈជាច្រើននៃការមករដូវ។ វាមិនត្រឹមតែឈឺចាប់នោះទេ វាក៏បង្កឱ្យអស់កម្លាំង និងពិបាកក្នុងការធ្វើចលនា ឬបំពេញការងារប្រចាំថ្ងៃផងដែរ។ ដឹងទេថា អាហារអាចជួយឱ្យបាត់ឈឺរមួលបាន អំឡុងពេលមករដូវ? លោកអ្នកចង់ដឹងទេថា មានអាហារអ្វីខ្លះ?
អាហារ ដែលជួយសម្រួលដល់អាការៈរមួល ក្នុងពេលមករដូវ៖
១. ផ្លែចេក
ផ្លែចេកសម្បូរជាតិសរសៃ ដែលមានប្រយោជន៍ដល់ចលនារបស់ពោះវៀន ល្អមិនត្រឹមតែបំបាត់ការហើមពោះនោះទេ វាអាចបន្ថយការឈឺចាប់។ សារជាតិម៉ាញ៉េស្យូម ក្នុងផ្លែចេក ក៏មាននាទីជួយបន្ថយការឈឺចាប់ មួយកម្រិតទៀតផងដែរ។
២. ផ្លែក្រូចឆ្មា
ក្រូចឆ្មា សម្បូរទៅដោយវីតាមីនច្រើនប្រភេទ ជាពិសេសវីតាមីន C។ វីតាមីន C ជួយរាងកាយ ស្រូបយកជាតិដែកក្នុងអាហារ ចូលទៅកាន់ចរន្តឈាម និងជាលិកា។ ក្នុងពេលរដូវ ស្រ្តីបាត់បង់កោសិកាឈាមក្រហមច្រើន ដូចនេះ វីតាមីន C អាចជួយបានច្រើនទៅលើការស្រូបយកជាតិដែក និងបង្កើនឈាមក្រហម។ ម្យ៉ាងទៀត ក្រូចឆ្មា ក៏សម្បូរនូវជាតិសរសៃ ជាសារៈប្រយោជន៍ដល់ការបន្ថយអាការៈរមួលសាច់ដុំ។
៣. ផ្លែក្រូចឃ្វិច
ផ្លែក្រូចឃ្វិច ជាកំពូលអាហារ គួរតែញ៉ាំ ក្នុងពេលមករដូវ។ វាមានវីតាមីន C ច្រើនជាងក្រូចឆ្មាទៅទៀត ហើយថែមទាំងមានផ្ទុកម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីន D។ សារជាតិចិញ្ចឹម ក្នុងផ្លែក្រូចឃ្វិច មានច្រើនស្មើនឹងទឹកដោះគោទៅហើយ។ ដូចនេះ ប្រសិនបើអ្នកញ៉ាំផ្លែក្រូចឃ្វិច បាន ២ផ្លែ ក្នុង ១ថ្ងៃ នោះអ្នកអាចបន្ថយការឈឺចាប់ពេលមករដូវ។
៤. ផ្លែឪឡឹក
ឪឡឹកសម្បូរជាតិទឹក ដែលផ្ដល់ជាតិទឹកដល់រាងកាយ ដោយផ្ដល់ជាតិស្ករតិចមែនទែន ចូលទៅក្នុងឈាម។ បែបនេះ វាក៏ជួយឱ្យបាត់ឈឺរមួលផងដែរ។
៥. ផ្កាខាត់ណា
ផ្កាខាត់ណា ជាកំពូលអាហារ និងជាស្តុកជាតិសរសៃ និងជាតិដែក សម្រាប់តម្រូវការរបស់រាងកាយ ក្នុងការប្រឆាំងអាការៈឈឺរមួល។
៦. ស្លឹកខាត់ណា
សារជាតិចិញ្ចឹមក្នុងស្លឹកខាត់ណា ដូចទៅនឹងផ្កាខាត់ណាដែរ ហើយលើសពីនេះ វាជាទីស្តុកទុកសារជាតិចិញ្ចឹមច្បងៗ ដូចជា កាល់ស្យូម និងម៉ាញ៉េស្យូម ដែលរាងកាយត្រូវការ សម្រាប់ប្រឆាំងការឈឺរមួលសាច់ដុំ៕
ប្រភព៖ Flo https://flo.health/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង