អំបិល ជាគ្រឿងផ្សំ បន្ថែមរសជាតិទៅលើអាហារ ដែលប្រើប្រាស់ជាប្រចាំ ក្នុងចង្ក្រានបាយ។ ជាតិប្រៃ និងអំបិល ក្នុងអាហារកែច្នៃ ជាសត្រូវរបស់សរសៃឈាមបេះដូង និងប្រព័ន្ធតម្រងនោម។ ការសិក្សារបស់សកលវិទ្យាល័យ Edinburgh ប្រទេសហូឡង់ កាលពីថ្មីៗនេះ បានប៉ាន់ស្មានថា ការទទួលទានអំបិលច្រើន នឹងបង្កើនស្ត្រេស ក្នុងកម្រិតខ្ពស់។
ទទួលទានអំបិលច្រើន នឹងបណ្ដាលឱ្យប្រព័ន្ធឆ្លើយតបទៅនឹងស្ត្រេសរបស់រាងកាយ គឺ hypothalamic-pituitary-adrenal (HPA) មានសកម្មភាពខ្លាំងជាងមុន។ បន្ថែមពីលើនេះទៀត អំបិល នឹងជំរុញឱ្យកើនឡើងនូវ glucocorticoids ដែលជាអរម៉ូនម្យ៉ាង មាននាទី (១) បម្រើដំណើរការឆ្លើយតបនឹងស្ត្រេស និងសរសៃឈាមបេះដូង (២) មុខងារគិតរបស់ខួរក្បាល (៣) មុខងារប្រព័ន្ធភាពស៊ាំ និង (៤) មុខងារមេតាប៉ូលីស។
តាមការណែនាំ មនុស្សម្នាក់ គួរទទួលទានអំបិល បរិមាណក្រោម ២ ៣០០មីលីក្រាម ក្នុង ១ថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវ ក៏សង្ឃឹមថា មនុស្សគ្រប់គ្នា នឹងកាត់បន្ថយបរិមាណជាតិអំបិល និងអាហារកែច្នៃ ដែលខ្លួនទទួលទាន ក្នុង ១ថ្ងៃៗផងដែរ៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង