អាកាសធាតុត្រជាក់ ធ្លាក់ព្រិលខ្លាំងក្នុងប្រទេសជប៉ុន បានឆក់យកជីវិតមនុស្ស ១៧នាក់ និងបង្ករបួសលើមនុស្សជាង ៩០នាក់ ខណៈពេលដែលផ្ទះរាប់រយខ្នង គ្មានអគ្គិសនីប្រើប្រាស់។ មនុស្សដែលបាត់បង់ជិវិតខ្លះ ជាជនរងគ្រោះដោយការធ្លាបក់ព្រិលកប់ពីលើ ដែលជាព្រិលកកនៅលើដំបូលផ្ទះ។
ចាប់តាំងពីសប្ដាហ៍មុនមក តំបន់នាភាគខាងជើងនៃប្រទេសជប៉ុន បានទទួលរងការធ្លាក់ព្រិលខ្លាំង បង្កឱ្យយានជំនិះគរចោលនៅពេញផ្លូវ សេវាដឹកជញ្ជូនត្រូវបានពន្យា និងកាន់តែធ្ងន់នោះគឺ មានមនុស្សស្លាប់ របួសផងដែរ។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ មនុស្ស ១៧នាក់បានបាត់បង់ជីវិត ខណៈពេលដែល ៩៣នាក់របួស បើយោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ។
ក្នុងចំណោមជនរងគ្រោះ និងមនុស្សបាត់បង់ជីវិតមាន អ្នកដែលរងគ្រោះថ្នាក់ នៅពេលបោសសម្អាតព្រិលទឹឹកក ចេញពីដំបូលផ្ទះ។ ហើយមួយចំនួន ទទួលរងគ្រោះថ្នាក់ដោយសារ កម្រាស់ព្រិលធ្លាក់ពីលើដំបូល កប់ជនរងគ្រោះជាអកុសល។ ស្ត្រីម្នាក់អាយុខ្ទង់ ៧០ឆ្នាំ ត្រូវបានរកឃើញ ផុតជីវិតក្រោមកម្រាស់ព្រិលទឹកកក ពោលគឺត្រូវបានព្រិលធ្លាក់កប់ពីលើ។
នៅកោះភាគខាងជើង បង្គោលភ្លើងត្រូវបានដួល នឹងកាត់ផ្ដាច់អគ្គិសនីនៅតាមផ្ទះចំនួនប្រមាណ ២ម៉ឺនខ្នង។ ទោះជាយ៉ាងណា អគ្គិសនីត្រូវបានគេស្ដារឡើងវិញ ក្នុងថ្ងៃបុណ្យណែអែល ថ្ងៃតែមួយ។ ផ្លូវរទេះភ្លើង និងជើងហោះហើរមួយចំនួន នៅភាគខាងលិចប្រទេសជប៉ុន ក៏បានផ្អាកផងដែរ ប៉ុន្តែក្នុងពេលនេះ មួយចំនួនបានដំណើរការឡើងវិញហើយ៕
ប្រភព៖ VOA II https://www.voanews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង