កូរ៉េខាងត្បូងចុះត្រជាក់ខ្លាំង នាំឱ្យតំបន់មួយចំនួន ទទួលរងធ្ងន់ធ្ងរនូវព្រិលទឹកកក ចាប់ពីថ្ងៃព្រហស្បតិ៍មក ឈានដល់ផ្អាកជើងហោះហើរ និងបិទសាលារៀន។ នាឯថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋធានីសេអ៊ូល បានទទួលរងអាកាសធាតុត្រជាក់បំផុត ដល់ទៅ -១៣.៦អង្សារសេ។
សីតុណ្ហភាណត្រជាក់កក បានឈានទៅដល់តំបន់ភាគខាងត្បូង នៃប្រទេស រួមមានតំបន់ Chungcheong និង Jeolla និងកោះភាគខាងត្បូងនៅ Jeju។ នៅតំបន់ក្នុងស្រុកនៃខេត្ត Gangwon អាកាសធាតុធ្លាក់ដល់ -២០អង្សារសេ ខណៈពេលដែលតំបន់ភ្នំ ស្ថិតក្នុងសីតុណ្ហភាព ២៦.៣អង្សារសេ។ គេបានប៉ាន់ស្មានថា អាកាសធាតុត្រជាក់កកនេះ នឹងបន្តរហូតដល់ថ្ងៃបុណ្យណូអែល គឺថ្ងៃអាទិត្យ ទី២៥ ខែធ្នូ។
ខេត្ត Jeolla ខាងជើងបានបិទសាលាមត្តេយ្យ ៤៥កន្លែង បឋមសិក្សា ៧៤កន្លែង មធ្យមសិក្សា ៤៣កន្លែង វិទ្យាល័យចំនួន ១០កន្លែង និងសាលាជំនាញពិសេសចំនួន ២កន្លែង។ ស្ថាប័នអប់រំសរុបចំនួន ១៦៥កន្លែង ក្នុងនោះមាន សាលាមត្តេយ្យចំនួន ៣៤កន្លែង និងសាលាបឋមចំនួន ៧៤កន្លែង បានពន្យាពេលម៉ោងចូលរៀន ៣០នាទី ទៅ ១ម៉ោង។
ចំណែកឯកោះ Jeju បានផ្អាកមិនដំណើរការជើងហោះហើរចំនួន ៧៣ កាលពីថ្ងៃសុក្រ បន្ទាប់ពីបានផ្អាកជើងហោះហើរដល់ទៅ ២៩៦ជើង កាលពីថ្ងៃព្រហស្បតិ៍។
ទន្ទឹមនឹងការបិទសាលា និងផ្អាកជើងហោះហើរ ដោយសារអាកាសធាតុត្រជាក់ និងធ្លាក់ព្រិលខ្លាំង ចរាចរណ៍នៅតំបន់មួយចំនួនបានកកស្ទះ បង្កជាគ្រោះថ្នាក់ និងរបួសផ្សេងៗទៅលើពលរដ្ឋកូរ៉េ៕
ប្រភព៖ The Straits Time II https://www.straitstimes.com/global & Korea Joong Ang Daily II https://koreajoongangdaily.joins.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង