ក្នុងការសិក្សាអន្តរជាតិមួយ អ្នកវិទ្យាសាស្ត្របានចំណាយពេលខ្ទង់មួយទសវត្សរ៍ ដើម្បីសិក្សា ហើយបានរកឃើញថា អាហារប្រភេទម្សៅ អាចជួយការពារមនុស្ស ពីកំណើនហានិភ័យជំងឺមហារីកផ្សេងៗ ដែលអាចកើតមានតាមតំណពូជ។ វាអាចជួយប្រឆាំងមហារីកបានប្រសិទ្ធភាព ៦០% ហើយប្រសិទ្ធភាពនោះ អាចមានសុពលភាព រហូតដល់ទៅ ១០ឆ្នាំក្រោយឈប់ទទួលទាន។
ការសិក្សាមួយ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Newcastle និងសកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស ដែលគេបានដាក់ឈ្មោះថា CAPP2 មានអ្នកចូលរួមស្ម័គ្រចិត្ត ក្នុងការសិក្សាចំនួន ១០០០នាក់។ មនុស្សទាំង ១០០០នាក់ មានរោគសញ្ញា Lynch Syndrome។ គេបានផ្ដល់អាហារប្រភេទម្សៅ (Resistant Starches) ទៅអ្នកចូលរួម ម្ដង ៣០ក្រាម ក្នុងរយៈពេលជាមធ្យម ២ឆ្នាំ។ បរិមាណប្រើប្រាស់នេះ អាចស្មើនឹងការទទួលទានចេកខ្ចី មួយផ្លែ ក្នុងមួយថ្ងៃ។
អាហារប្រភេទម្សៅមួយចំនួន មានដូចជា៖
១. គ្រាប់សណ្ដែក
២. ធញ្ញជាតិ
៣. Cereal
៤. អង្ករ
៥. ផាស្តា
៦. សណ្ដែកខៀវ
៧. ចេកខ្ចី
តើរោគសញ្ញា Lynch Syndrome ជាអ្វី?
Lynch Syndrome គឺជាបញ្ហាបន្តពូជមួយ ដែលធ្វើឱ្យមនុស្សប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការកើតមានជំងឺមហារីកពោះវៀនធំ និងប្រភេទមហារីកផ្សេងទៀត មុនអាយុ ៥០ឆ្នាំ។
ក្នុងការសិក្សានោះ គេបានធ្វើការវិភាគ និងរកឃើញថា ថ្នាំអាស្ពីរីន និងអាហារម្សៅ (Resistant Starch) មានឥទ្ធិពលរយៈពេលវែងលើ ហានិភ័យកើតជំងឺមហារីក របស់អ្នកជំងឺ Lynch Syndrome។ គេភ្ញាក់ផ្អើល ដែលបានរកឃើញថា អ្នកចូលរួមដែលទទួលទាន អាហារប្រភេទម្សៅ អាចកាត់បន្ថយហានិភ័យ ជំងឺមហារីកមួយចំនួនបានប្រមាណ ៦០%។ នោះគឺជំងឺមហារីកក្រពះពោះវៀន ផ្នែកខាងលើ រួមមាន (១) មហារីកក្រពះ (២) មហារីកបំពង់ទឹកប្រមាត់ (៣) មហារីកលំពែង និង (៤) មហារីក Duodenal៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង