សុខភាពសុដន់ គឺជារឿងសំខាន់ ដែលស្ត្រីគ្រប់រូប គួរយកចិត្តទុកដាក់។ ការថែរក្សាសុដន់ ឱ្យមានសុខភាពល្អ អាចការពារអ្នកពីការកើតជំងឺសុដន់ ឬជំងឺមហារីកសុដន់ ជាដើម។ គន្លឹះនៃការរក្សាសុខភាពសុដន់ ចាប់ផ្ដើមពីរបបអាហារ ដូចទៅនឹងការរស់នៅប្រចាំថ្ងៃ ដែលមនុស្សគ្រប់រូប ត្រូវការអាហារល្អៗ សម្រាប់ទ្រទ្រង់រាងកាយ និងប្រឆាំងជំងឺ។ ប្រសិនបើអ្នកទទួលទានអាហារល្អ នោះអ្នកទទួលបានសុខភាពល្អ។ ប៉ុន្តែតើអាហារប្រភេទណា មានអត្ថប្រយោជន៍បំផុត សម្រាប់សុខភាពសុដន់?
អាហារ ដែលជួយដល់សុខភាពសុដន់៖
១. ផ្កាខាត់ណាខៀវ ផ្កាស្ពៃ ខាត់ណា និងស្ពៃក្ដោប៖
អាហារទាំងនេះ សម្បូរវីតាមីន C វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. រមៀត៖
រមៀត មានសមាសធាតុ Curcumin ដែលអាចប្រឆាំងបញ្ហារលាក ទប់ស្កាត់ការរាលដាលជំងឺមហារីក (សុដន់) និងកាត់បន្ថយឥទ្ធិពលការព្យាបាលមហារីកដោយឱសថ ដែលជះទៅលើផ្នែកដទៃទៀតនៃរាងកាយ។
៣. អាហារ ដែលមានពណ៌ក្រហម ឬទឹកក្រូច (ប៉េងប៉ោះ ការ៉ុត និងដំឡូងជ្វា)៖
រាងកាយ អាចបំប្លែងសារធាតុ Carotenoid ក្នុងអាហារទាំងនេះ ទៅជាវីតាមីន A ដែលមានគុណសម្បត្តិ សម្រាប់ភ្នែក ស្បែក និងបន្ទាបហានិភ័យជំងឺមហារីក។
៤. ត្រី ដែលមានសម្បូរខ្លាញ់ (សាលម៉ុន ធូណា សារឌីន និងត្រីស្បៃកា)៖
ត្រី ដែលសម្បូរខ្លាញ់ ជួយសុខភាពសុដន់ តាមរយៈវីតាមីន D និងអូមេហ្កា ៣ ដែលអាចប្រឆាំងជំងឺមហារីក។ អូមេហ្កា ៣ អាចបញ្ឈប់ការលូតលាស់សរសៃឈាម ក្នុងដុំសាច់មហារីក។
៥. ប្រភេទផ្លែប៊ែរី (ប្ល៊ូប៊ែរី ស្ត្រប៊ែរី ប្ល៊ែកប៊ែរី និងរ៉ាស់ប៊ែរី)៖
អាហារទាំងនេះ សម្បូរទៅដោយវីតាមីន C សម្រាប់ពង្រឹងភាពស៊ាំ និងសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ការពាររាងកាយពីការខូចកោសិកា។
៦. វ៉លណាត់៖
ការសិក្សាមួយ បានបង្ហាញថា គ្រាប់វ៉លណាត់ មានសមត្ថភាពពន្យឺតការលូតលាស់កោសិកាមហារីក និងបន្ថយហានិភ័យជំងឺមហារីកសុដន់។
៧. ទំពាំងបាយជូរ៖
ផ្លែទំពាំងបាយជូរ ជាពិសេសពណ៌ក្រហម និងពណ៌ស្វាយ មានសារធាតុ resveratrol ក្នុងកម្រិតខ្ពស់មួយ។ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានគេស្គាល់ថា អាចបង្ការជំងឺមហារីកសុដន់ មហារីកថ្លើម និងមហារីកក្រពះ។
៨. តៅហ៊ូ៖
តោហ៊ូ មានផ្ទុកសារធាតុ isoflavones ដែលអាចបង្ការជំងឺមហារីក។
៩. គ្រាប់សណ្ដែក៖
អាចប្រឆាំងបញ្ហារលាក និងបន្ទាបហានិភ័យជំងឺមហារីកសុដន់ គ្រាប់សណ្ដែកសម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី។
១០. សណ្ដែកខ្មៅ៖
សណ្ដែកខ្មៅ ជាអាហារបំប៉នមួយ សម្បូរទៅដោយសារធាតុ ergothioneine ដែលជាអាមីណូអាស៊ីតមួយជួយការពារ DNA។ ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចធ្វើឱ្យធ្លាក់ចុះហានិភ័យជំងឺមហារីកសុដន់ និងច្រើនប្រភេទទៀត ក៏ដូចជាប្រឆាំងជំងឺជាច្រើន៕
ប្រភព៖ WebMD II https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង