ថ្លើមគឺជាសរីរាង្គដ៏សំខាន់ ដែលមានពហុមុខងារ ក្នុងដំណើររាងកាយ ដែលមិនអាចខ្វះបានក្នុងរាងកាយមនុស្ស។ ថ្លើមមានមុខងារជាអ្នកបន្សាបជាតិពុល ប៉ុន្តែថ្លើមក៏អាចពុលបានដែរ ប្រសិនបើវាត្រូវធ្វើការច្រើនជ្រុល ក្នុងការបំផ្លាញជាតិស្ករ ជាតិខ្លាញ់ និងជាតិអាល់កុល។
ជាតិអាល់កុលគឺជាមូលហេតុធំមួយ នៃជំងឺរលាកថ្លើម ក្រិនថ្លើម និងធ្ងន់ធ្ងរបំផុតគឺ ជំងឺមហារីកថ្លើម។ ប៉ុន្តែប្រសិនបើអ្នកមិនដែលញ៉ាំគ្រឿងស្រវឹង ឬជាតិអាល់កុលសោះ តើអ្នកអាចមានជំងឺថ្លើមដែរឬទេ?
ជំងឺថ្លើមមានច្រើនប្រភេទ ហើយមនុស្សមួយចំនួនពិតជាអាចកើតមានជំងឺថ្លើម ដោយមិនមានពាក់ព័ន្ធនឹងជាតិអាល់កុលសោះ។ ជំងឺថ្លើមប្រភេទនោះមានឈ្មោះថា “NASH” ឬ Nonalcoholic steatohepatitis ឬជាភាសាខ្មែរហៅថា “ជំងឺខ្លាញ់ថ្លើម”។
តើអ្វីទៅជាជំងឺថ្លើម NASH?
NASH គឺជាជំងឺថ្លើមបង្កដោយស្ថានភាពថ្លើម មានបិរមាណខ្លាញ់ច្រើនជ្រុល។ មូលហេតុដែលបង្កឱ្យជាតិខ្លាញ់ច្រើន រុំព័ទ្ធថ្លើមគឺមកពីការទទួលទានជាតិស្ករច្រើន។ ជាទូទៅ ថ្លើមអាចបំផ្លាញជាតិស្ករ បានត្រឹមតែ៥០ក្រាម ទៅ៧៥ក្រាម/ថ្ងៃ ប៉ុណ្ណោះ។ ដូចនេះ អ្នកដែលចូលចិត្តញ៉ាំអាហារផ្អែមៗ ភេសជ្ជៈកំប៉ុង ឬភេសជ្ជៈផ្លែឈើផ្អែមៗ ប្រឈមខ្ពស់នឹងការកើតជំងឺថ្លើម។
ព្រោះតែជំងឺថ្លើម NASH នេះ បង្កឡើងដោយការញ៉ាំជាតិស្ករជ្រុលពេក គេសង្កេតឃើញថា ជំងឺថ្លើម NASH ច្រើនកើតឡើងលើប្រភេទមនុស្សធាត់ជ្រុល អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាម។ អ្នកជំងឺថ្លើមនេះ ក៏មានហានិភ័យខ្ពស់គួរសម ក្នុងការកើតជំងឺមហារីកថ្លើម។ ការសិក្សារកឃើញថា អ្នកជំងឺថ្លើម NASH ម្នាក់ក្នុងចំណោម៥នាក់ ប្រឈមនឹងជំងឺមហារីកថ្លើម៕
ប្រភព៖ RFI https://www.youtube.com/@RFI_Km