ការសិក្សាខ្នាតធំមួយ ដែលផ្អែកទៅលើការស្ទង់មតិក្នុងប្រទេសចំនួន២៩ បានបង្ហាញនូវរឿងគួរបារម្ភ ពាក់ព័ន្ធនឹងអ្នកកើតជំងឺផ្លូវចិត្ត។ ៥០% នៃចំនួនសរុបនៃប្រជាជនសកល ឬមនុស្សម្នាក់ ក្នុងចំណោមមនុស្ស២នាក់ នឹងកើតមានជំងឺផ្លូវចិត្ត ជៀសមិនផុតក្នុងការរស់នៅពេញមួយជីវិត។
ការសិក្សានេះ គឺជាការសិក្សាអន្តរជាតិខា្នតធំមួយ ដែលបានធ្វើឡើងតាមរយៈការស្ទង់មតិផ្ទាល់ទល់នឹងមុខ ជាមួយនឹងមនុស្សជាង ១៥០ ០០០នាក់ នៅតាមបណ្ដាប្រទេសចំនួន២៩។ អ្នកស្រាវជ្រាវបានបង្ហាញថា ៥០% នៃចំនួនមនុស្សទាំងអស់ជុំវិញសកលលោក នឹងកើតមានជំងឺផ្លូវចិត្ត ចំនួនម្ដងយ៉ាងតិច មុនឈានចូលអាយុ៧៥ឆ្នាំ។
យោងតាមការសិក្សានេះ គេឃើញថាជំងឺផ្លូចិត្តដែលកើតមានទូទៅ មានដូចជា ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ ហើយហានិភ័យនៃជំងឺផ្លូវចិត្តខុសគ្នាទៅតាមភេទ។ ស្រ្តីប្រឈមខ្ពស់នឹង (១) ជំងឺបាក់ទឹកចិត្ត (២) ជំងឺថប់បារម្ភដែលខ្លាចរបស់ជាក់លាក់ណាមួយ និង (៣) ស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្ត។ ចំណែកឯបុរស ច្រើនប្រឈមនឹង (១) ការផឹកគ្រឿងស្រវឹងហួសបរិមាណ (២) ជំងឺបាក់ទឹកចិត្ត និង (៣) ជំងឺថប់បារម្ភដែលខ្លាចរបស់ជាក់លាក់ណាមួយ។
ការសិក្សានេះ ក៏អាចជាពន្លឹមួយសម្រាប់ ក្រុមអ្នកផ្ដល់សេវាថែទាំអ្នកជំងឺផ្លូវចិត្ត មានដូចជា បុគ្គលិកសុខាភិបាលសាធារណៈ និងក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកស្រាវជ្រាវដទៃ ឱ្យមានការយកចិត្តទុកដាក់កាន់តែខ្ពស់ លើអ្នកជំងឺផ្លូវចិត្ត និងបង្កើនការឆ្លើយតបទៅកាន់តម្រូវការ នៃការជួយសម្រួល និងថែទាំអ្នកជំងឺផ្លូវចិត្ត៕
ប្រភព៖ Harvard Medical School https://hms.harvard.edu/