កាលខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) បានអនុម័តឱ្យប្រើប្រាស់វិធីសាស្ត្រថ្មីមួយ សម្រាប់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលចុងក្រោយ។ អ្នកជំងឺមហារីកក្រពេញប្រូស្តាត មានជម្រើសវិធីព្យាបាលមានកំណត់បំផុត ដូច្នេះហើយ វិធីថ្មីនេះអាចនឹងផ្ដល់ក្ដីសង្ឃឹមដល់អ្នកជំងឺជាច្រើន។
វិធីព្យបាលថ្មីនេះ គឺជាវិធីរួមផ្សំថ្នាំពីរប្រភេទចូលគ្នា មានដូចជាថ្នាំ Enzalutamide និងថ្នាំ Talazoparib។ ឱសថ Talazoparib កំពុងមានលក់នៅលើទីផ្សារស្រាប់ហើយ។ វាគឺជាឱសថព្យាបាល ដែលមាននាទីជួសជុលហ្សែន ឬ DNA ខូចៗ ឱ្យដំណើរការបានល្អធម្មតាវិញ ដើម្បីប្រឆាំងនឹងជំងឺមហារីកសុដន់ និងមហារីកអូវែលើស្ត្រី និងមហារីកក្រពេញប្រូស្តាតលើបុរស។
យោងតាមការសិក្សា អ្នកវិទ្យាសាស្ត្ររកឃើញថា ការផ្សំបញ្ចូលឱសថ Enzalutamide និងថ្នាំ Talazoparib អាចកាត់បន្ថយហានិភ័យ នៃការស្លាប់ ឬហានិភ័យលូតលាស់ដុំសាច់មហារីក បានដល់ទៅ ៥៥%។ ការសិក្សាលើក្រុមមនុស្ស មួយក្រុមតូចផ្សេងទៀតរកឃើញថា វាអាចបន្ថយហានិភ័យនៃការស្លាប់ ឬការលូតលាស់ដុំសាច់មហារីក ដល់ទៅ ៨០%។
ពោលគឺវិធីព្យាបាលថ្មីនេះ បានបង្ហាញនូវប្រសិទ្ធភាពយ៉ាងពិសេស។ ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាបន្ត លើអ្នកជំងឺដែលបានចូលរួមក្នុងការសិក្សា ដោយគែផ្អែកទៅលើការរីកចម្រើនរបស់អ្នកជំងឺ លើលទ្ធភាពរស់រានមានជីវិត គុណភាពជីវិត និងតម្រូវការនូវការព្យាបាលដោយគីមីសាស្ត្រ ថាតើអ្នកជំងឺត្រូវការវិធីព្យាបាលគីមីសាស្ត្រទៀត ដែរឬទេ៕
ប្រភព៖ Harvard Medical School https://www.health.harvard.edu/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង